top of page
Past Quarter

រួចពីកូវីដ ចូលមកដល់ជម្ងឺ "ផ្សិតខ្មៅ" ម្តង

ស្ថានការណ៍នៅក្នុងប្រទេសឥណ្ឌា កំពុងកាន់តែលំបាកទៅលំបាកទៅ កំឡុងពេលបញ្ហាចម្លែកថ្មីមួយទៀត កំពុងបន្តកើតឡើង។ជម្ងឺឆ្លងដ៏កម្រមួយ មានឈ្មោះថា ម៊ូកូមីកូស៊ីស បានកំពុងនឹងរីករាលដាលលើអ្នកជម្ងឺឥណ្ឌាជាច្រើនពាន់នាក់ ខណៈពួកគេកំពុងព្យាបាលនិងបន្ទាប់ពីជាសះស្បើយពីជម្ងឺកូវីដ។ការឆ្លងជម្ងឺនេះ បានបង្ខំរដ្ឋមួយចំនួននៅក្នុងប្រទេសឥណ្ឌា ប្រកាសដាក់រដ្ឋរបស់ខ្លួន ក្នុងស្ថានភាពរាតត្បាតជម្ងឺ "ផ្សិតខ្មៅ" យ៉ាងធ្ងន់ធ្ងរ។



ជម្ងឺ "ផ្សិតខ្មៅ" នេះ កកើតមកពីផ្សិតដែលរកឃើញនៅតំបន់ក្តៅហើយមានសំណើម ដូចជា នៅលើដី រុក្ខជាតិ និងជីកំប៉ុស។វេជ្ជបណ្ឌិតមួយចំនួន បានសន្និដ្ឋានថា ការរីករាលដាលនៃជម្ងឺ "ផ្សិតខ្មៅ" នេះ ក៏អាចបណ្តាលមកពីការប្រើប្រាស់សារជាតិស្តេរ៉ូអ៊ីត ដើម្បីព្យាបាលវីរុសកូរ៉ូណាផងដែរ។ដោយផ្អែកទៅតាមមជ្ឈមណ្ឌលទប់ស្កាត់និងបង្ការជម្ងឺនៃសហរដ្ឋអាមេរិក ហៅកាត់ថាCDC បានបញ្ជាក់ថា ទោះបីជាជម្ងឺ "ផ្សិតខ្មៅ" នេះ មិនឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតក៏ដោយ ជម្ងឺនេះអាចបណ្តាលឲ្យមានការចម្លងយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមអ្នកដែលមានប្រព័ន្ធការពាររាងកាយទន់ខ្សោយ។ជម្ងឺនេះ​ អាចនឹងប៉ះពាល់យ៉ាងខ្លាំង ជាពិសេសទៅលើអ្នកដែលមានជម្ងឺទឹកនោមផ្អែម មហារីក វីរុសHIV និងជម្ងឺអេដស៍។



ជាទូទៅ ជម្ងឺផ្សិតប្រភេទនេះ ចាប់ផ្តើមប៉ះពាល់សួត បន្ទាប់ពីការដកដង្ហើមចូលនូវកោសិកាបន្តពូជរបស់ផ្សិតនោះ​ ហើយវាក៏អាចឆ្លងលើស្បែក តាមរយៈមុខរបួស ឬរលាកផងដែរ។បន្ទាប់មក ជម្ងឺនេះរីករាលដាលទៅច្រមុះ ភ្នែក និងខួរក្បាល។យោងទៅតាមវេជ្ជបណ្ឌិតឈ្មោះថា ហេមែន ធេកខើ ដែលជាអ្នកប្រឹក្សាយោបល់ គ្រូពេទ្យ និងអ្នកឯកទេសខាងបេះដូងនិងជម្ងឺទឹកនោមផ្អែម នៅមន្ទីរពេទ្យ Breach Candy ក្នុងទីក្រុងម៉ុមបៃ នៃប្រទេសឥណ្ឌា បាននិយាយថា

ការឆ្លងនេះ អាចបណ្តាលឲ្យអ្នកជម្ងឺបាត់បង់ការមើលឃើញ និងធ្វើឲ្យមាន "ប្រហោងចំហ" នៅលើមុខ។អ្នកជម្ងឺមួយចំនួន បានរួចផុតពីការបាត់បង់ជីវិត បន្ទាប់ពីបានវះកាត់យកភ្នែកចេញតែម្តង។


វេជ្ជបណ្ឌិត ដែលបានបញ្ជាក់ប្រាប់កាសែតព័ត៌មាន BBC បានមានប្រសាសន៍ថា ជម្ងឺឆ្លងដ៏កម្រមួយនេះ ចាប់ផ្តើមចេញអាការៈក្នុងអំឡុងចាប់ពីដប់ពីរ ទៅដប់ប្រាំបីថ្ងៃ បន្ទាប់ពីជាសះស្បើយពីជម្ងឺកូវីដភ្លាម។លើសពីនេះទៅទៀត អ្នកជម្ងឺដែលឆ្លងជម្ងឺផ្សិតប្រភេទនេះ មានអត្រាការស្លាប់ដល់ទៅ ៥០%។វេជ្ជបណ្ឌិតឈ្មោះ វីភី ផេនដេ ដែលជាអ្នកគ្រប់គ្រងការិយាល័យមន្ទីរពេទ្យផ្នែកឱសថ បាននិយាយប្រាប់កាសែតព័ត៌មាន BBC បន្ថែមទៀតថា អត្រាការស្លាប់នេះ អាចនឹងកើនទៅដល់ ៩៤% ប្រសិនបើអ្នកជម្ងឺមិនទទួលការព្យាបាលត្រឹមត្រូវ និងទាន់ពេលវេលា។


ឥឡូវជាមួយនឹងការរីករាលដាលនៃជម្ងឺថ្មីនេះ ប្រទេសឥណ្ឌាកំពុងប្រឈមមុខនឹងបញ្ហាដ៏ធំពីរក្នុងពេលតែមួយ ហើយស្ថានភាពជម្ងឺ "ផ្សិតខ្មៅ" នៅក្នុងប្រទេស កំពុងលំបាកគ្រប់គ្រងជាងជម្ងឺកូវីដទៅទៀត។ផ្អែកតាមរបាយការណ៍បានឲ្យឃើញថា មានអ្នកស្លាប់យ៉ាងតិច៩០នាក់ និងករណីឆ្លងលើសពី ២,០០០ ករណីហើយនៅក្នុងរដ្ឋមហារាស្ត្រត្រា រួមជាមួយករណីប្រហែល ១,២០០ ករណីទៀតនៅរដ្ឋគូចារាត់។រដ្ឋមួយចំនួនទៀត ក៏កំពុងរាយការណ៍ថា បានរកឃើញករណីឆ្លង ចន្លោះពី៨០០ ទៅ ៩០០ករណីហើយដែរ។


ឥឡូវនេះ​ រដ្ឋាភិបាលឥណ្ឌាបានកំពុងនឹងប្រើប្រាស់ថ្នាំឈ្មោះថា អាំហ្វូតារីស៊ីន ប្រភេទB ដើម្បីព្យាបាលអ្នកជម្ងឺឆ្លងប្រភេទនេះ។ប៉ុន្តែ តម្រូវការថ្នាំនេះ កំពុងកើនឡើងយ៉ាងខ្លាំង ខណៈពេលការផ្គត់ផ្គង់ថ្នាំប្រភេទនេះ កំពុងកាន់តែតិចទៅតិចទៅ។អ្នកជម្ងឺឯទៀតវិញ ក៏តម្រួវឲ្យមានការវះកាត់ ដើម្បីបង្ការការរីករាលដាលនិងរួចផុតពីជម្ងឺនេះផងដែរ។



Reference:

  1. Aljazeera. (May 21, 2021). Covid: 'Black fungus adds to India's woes, 4,194 deaths reported. Aljazeera. Retrieved from https://www.aljazeera.com/news/2021/5/22/covid-spreads-to-rural-india-as-deaths-again-rise-above-4000

  2. Biswas, S. (2021). Black fungus: India reports nearly 9,000 cases of rare infection. BBC News. Retrieved from https://www.bbc.com/news/world-asia-india-57217246

  3. DW. (n.d.). India: Deadly 'black fungus' surges among Covid-19 patients. DW. Retrieved from https://www.dw.com/en/india-deadly-black-fungus-surges-among-covid-19-patients/a-57602150

  4. Petersen, H. E. (May 21, 2021). 'Black Fungus' disease linked to Covid spreads across India. The Guardian. Retrieved from https://www.theguardian.com/world/2021/may/21/mucormycosis-black-fungus-disease-linked-covid-spreads-india

  5. Yeung, J. & Sud, V. (May 22, 2021). They recovered from Covid, only to die of 'black fungus'. What we know about the disease sweeping India. CNN. Retrieved from https://edition.cnn.com/2021/05/21/india/black-fungus-mucormycosis-covid-explainer-intl-hnk/index.html

bottom of page