top of page
Past Quarter

កន្លែងដើរលេងកម្សាន្តថ្មីទាំងប្រាំបី នៅប្រទេសកម្ពុជា

PQ | ការធ្វើដំណើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ត្រូវបានផ្អាកជាបណ្តោះអាសន្ន ខណៈពេលបញ្ហាជម្ងឺកូវីដបានកំពុងវាយលុក។ ដោយសារការបិទផ្អាកការធ្វើដំណើរ និងការភ័យបារម្ភទៅនឹងការចម្លងជម្ងឺ បានធ្វើឲ្យកន្លែងកម្សាន្តមួយចំនួន មិនមានអ្នកទេសចរណ៍អញ្ជើញមកទស្សនា។


ប៉ុន្តែ នេះក៏អាចជាពេលដ៏ល្អមួយ ដែលអ្នកអាចរៀបចំគម្រោង និងស្វែងរកទីកន្លែងដំណើរកម្សាន្តប្លែកៗ សម្រាប់ទស្សនាទុកឲ្យហើយជាមុនសិន។ លុះដល់ស្ថានភាពជម្ងឺបានស្ងប់ហើយនោះ អ្នកបានត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរសាជាថ្មី។


ប្រសិនបើអ្នកមានបំណងចង់ដើរលេងកន្លែងថ្មីៗនៅខ្មែរយើង អញ្ជើញមកមើលកន្លែងដំណើរកម្សាន្តទេសចរណ៍ថ្មីៗទាំងប្រាំបី ដែលមនុស្សមួយចំនួនប្រហែលមិនទាន់បានស្គាល់នៅឡើយ។


១. ទីបោះតង់ដឹសាហ្វារី - ខេត្តកំពត

ទីតាំង: ភូមិត្រពាំងឈើទាល ឃុំច្រេះ ស្រុកជុំគិរី ខេត្តកំពត


ខេត្តកំពត រឹតតែមានភាពល្បីល្បាញខ្លាំងទៅទៀត នៅពេលដែលខេត្តនេះបានបន្ថែមទីបោះតង់ដឹសាហ្វារី ជាកន្លែងកម្សាន្តប្លែកថ្មីមួយ។បើអ្នកចង់មានបទពិសោធន៍បោះតង់ដ៏ល្អមួយ នេះហើយជាកន្លែងដែលអ្នកគួរមកទស្សនា។ទីបោះតង់ដឹសាហ្វារីមិនត្រឹមតែផ្តល់នូវទេសភាពធម្មជាតិស្រស់បំព្រង ភាពស្ងប់ស្ងាត់ និងការបម្រើយ៉ាងល្អនោះទេ។កន្លែងនេះ ថែមទាំងផ្តល់ជូននូវការបោះតង់ និងសេវាកម្មបម្រើអាហារយ៉ាងទំនើបថែមទៀតផង។ក្រៅពីការបោះតង់ នោះក៏មានសកម្មភាពកម្សាន្តជាច្រើនទៀត ដូចជាការរៀបចំអាហារបែបពិកនិក ការធ្វើដំណើរកាត់ភ្នំ ការជិះកង់លេងកម្សាន្ត ហាត់ប្រាណយ៉ូហ្គា ការស្ទូចត្រី គយគន់ទេសភាពព្រៃភ្នំ ព្រះអាទិត្យរះ និងលិច រួមជាមួយនឹងការសម្រាកយ៉ាងសុខស្រួលនៅក្នុងតង់ដ៏ធំល្វឹងល្វើយ។នៅពេលយប់ អ្នកអាចរីករាយញ៉ាំអាហារយ៉ាងសប្បាយជាមួយគ្រួសារឬមិត្តភក្តិ រៀបចំការធ្វើអាហារបាប៊ីខ្ចូ អង្គុយកម្សាន្តជុំវិញភ្នក់ភ្លើង និងរាំលេងសប្បាយថែមទៀតផង។


២. ភ្នំខ្នងផ្សារ - ខេត្តកំពង់ស្ពឺ

ទីតាំង: ភូមិតាំងបំពង ឃុំតាសាល់ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ


កន្លែងល្អមួយទៀតសម្រាប់អ្នកចង់បានបទពិសោធន៍បោះតង់ គឺមានឈ្មោះថាភ្នំខ្នងផ្សារ។ភ្នំខ្នងផ្សារបានណែនាំខ្លួនដំបូងថាជាកន្លែងដំណើរកម្សាន្តថ្មីនៅក្នុងប្រទេសកម្ពុជា កំឡុងពេលមានជម្ងឺកូវីដនៅឆ្នាំ២០២០កន្លងទៅនេះ។ដោយសារភ្នំនេះជាជម្រកដល់សត្វព្រៃជាច្រើនប្រភេទ​ គួបផ្សំនឹងព្រៃព្រឹក្សា និងជ្រលងខ្ពស់ៗ វាបានធ្វើឲ្យកន្លែងនេះក្លាយទៅជាកន្លែងដ៏ល្បីល្បាញមួយ សម្រាប់អ្នកដែលចូលចិត្តបោះតង់ ដើរកាត់ភ្នំ និងការផ្សងព្រេងនៅតាមតំបន់ធម្មជាតិដ៏ស្រស់ត្រកាល។អ្នកមិនគួរមើលរំលងកន្លែងនេះឡើយ ពីព្រោះទេសភាពនៅទីនោះពិតជាស្រស់ស្អាតណាស់។


ដោយសារកន្លែងនេះជាកន្លែងទេសចរណ៍ថ្មីមួយ ដូច្នេះហើយ ចូរអ្នកគួររៀបចំសម្ភារៈបោះតង់ សម្ភារៈថ្នាំពេទ្យ រួមជាមួយសម្ភារៈសំខាន់ៗទៀតឲ្យបានគ្រប់ជ្រុងជ្រោយ។នៅពេលទៅដល់ទីនោះ គេតម្រូវឲ្យមានបេសកជនតំបន់ការពារបរិស្ថានទៅតាមជានិច្ច ដើម្បីជួយការពារសន្តិសុខនិងសុវត្ថិភាពរបស់អ្នក។អ្នកក៏អាចធ្វើការទំនាក់ទំនងជាមួយនឹងក្រុមហ៊ុនទេសចរណ៍ណាមួយជាមុន ដើម្បីឲ្យក្រុមហ៊ុនធ្វើការស្វែងរកអ្នកនាំផ្លូវ និងជួលយានជំនិះសម្រាប់លោកអ្នក។


៣. សួនឧទ្យានកម្សាន្តព្រីនមាននើ - ខេត្តកណ្តាល

ទីតាំង: ភូមិកោះពស់ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល


ងាកមករកកន្លែងដើរកម្សាន្តនៅជិតរាជធានីភ្នំពេញវិញម្តង នោះគឺឧទ្យានកម្សាន្តព្រីនមាននើ ដែលត្រៀមខ្លួនរួចជាស្រេច ក្នុងការស្វាគមន៍លោកអ្នកមកកាន់កន្លែងកម្សាន្តក្បូរក្បាច់បែបអន្តរជាតិនៅក្នុងប្រទេសខ្មែរយើង។ឧទ្យាននេះ ហុំព័ទ្ធទៅដោយទេសភាពធម្មជាតិដ៏ប្លែកភ្នែក និងពោរពេញទៅដោយកន្លែងលេងកម្សាន្តជាច្រើន ដូចជា ការជិះឡានប្រណាំង កន្ត្រកវិលឈ្មោះថាចក្ខុនៃរាជធានីភ្នំពេញ ដែលមានកម្ពស់ដល់ទៅ៨៨ម៉ែត្រ ឧទ្យានហែលទឹក ការទស្សនាសួនច្បាររុក្ខជាតិ ការញ៉ាំអាហារពិកនិក ការជិះកៅអីហោះ និងតំបន់លេងកម្សាន្តជាច្រើនទៀត នៅក្នុងឧទ្យានកម្សាន្តព្រីនមាននើនេះ។


៤. ធាមខាលើរី - ខេត្តសៀមរាប

ទីតាំង: ភូមិវាល, ឃុំគោកចាក, ខេត្តសៀមរាប


អ្នកប្រហែលមកលេងខេត្តសៀមរាបដើម្បីទស្សនាប្រាសាទអង្គរវត្តតែមួយមុខ ប៉ុន្តែឥឡូវ អ្នកអាចទៅទស្សនានៅឯធាមខាលើរីបន្ថែមទៀតបាន។ធាមខាលើរីស្ថិតនៅចម្ងាយតែ១០នាទីពីប្រាសាទអង្គរវត្ត ហើយនៅទីនោះ អ្នកនឹងកោតសរសើរវប្បធម៌ខ្មែរយ៉ាងប្លែកភ្នែក ខុសពីនៅឯប្រាសាទអង្គរវត្ត។ចាប់តាំងពីរូបចម្លាក់ សិល្បះគំនូរ និងឧបករណ៍តន្ត្រីខ្មែរសម័យបុរាណ ធាមខាលើរីជាកន្លែងបញ្ចាំងសិល្បះដ៏រស់រវើក និងសម្បូរទៅដោយស្នាដៃសិល្បះរបស់វិចិត្រករខ្មែរ ដែលបានដាក់បង្ហាញនិងផលិតនៅទីនោះផ្ទាល់តែម្តង។ចំពោះអ្នកដែលបានទៅទស្សនារួចហើយ ធាមខាលើរីអាចចាត់ទុកជាកន្លែងកម្សាន្តនៅខេត្តសៀមរាប ដែលអ្នករាល់គ្នាមិនគួរមើលរំលង។


៥. សួនមេអំបៅ - ខេត្តកែប

ទីតាំង: ផ្លូវចាសស្មីនវាលី ឧទ្យានជាតិខេត្តកែប, ខេត្តកែប

បើក: ពីម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ ល្ងាច


សួនមេអំបៅខេត្តកែប ដែលបានបង្កើតឡើងដោយជនជាតិអាមេរិក បានកំពុងក្លាយខ្លួនជាកន្លែងទេសចរណ៍ថ្មីមួយ នៅខេត្តកែប។កន្លែងកម្សាន្តមួយនេះ សម្បូរទៅដោយមេអំបៅជាច្រើនពណ៌ រួមជាមួយនឹងផ្កាស្រស់ស្អាតជាច្រើនប្រភេទ ដែលអាចឲ្យអ្នកសម្រាកលំហែកាយយ៉ាងរីករាយនៅក្នុងសួនច្បារដ៏ស្រស់ត្រកាល។ក្រៅពីនេះ អ្នកក៏អាចទទួលបានបទពិសោធន៍ផ្ទាល់ៗ ពីជនជាតិខ្មែរយើងនៅទីនោះ អំពីរបៀបចិញ្ចឹមមេអំបៅ និងរបៀបថែរក្សាកូនដង្កូវក្នុងកន្លែងមានសុវត្ថិភាពថែមទៀតផង។អ្នកដែលបានទៅទស្សនានៅទីនោះរួចហើយ បានគិតថា សួនមេអំបៅនេះពិតជាគួរឲ្យមកទស្សនាពិតមែន។


៦. វត្តប្រាសាទឥន្ទ្រា - ខេត្តសៀមរាប

ទីតាំង: ផ្លូវជាតិលេខ៦ ខេត្តសៀមរាប


ខេត្តសៀមរាបត្រូវបានពិភពលោកទទួលស្គាល់ថាជាកន្លែងសម្បូរទៅដោយប្រាសាទបុរាណជាច្រើនរាប់រយ។ប៉ុន្តែមិនមែនប្រាសាទទាំងអស់នៅទីនោះ សុទ្ធតែមានអាយុកាលរាប់រយឆ្នាំនោះទេ។រូបខាងលើនេះ ជាប្រាសាទពណ៌សមានឈ្មោះថា ប្រាសាទឥន្ទ្រា ដែលបានសាងសង់ដោយស្ថាបត្យករខ្មែរនាពេលថ្មីៗនេះ។ដោយសារប្រាសាទនេះស្ថិតនៅក្នុងទីវត្តអារាម ហើយត្រូវបានចាត់ទុកជាទីសក្ការៈបូជា ដូច្នេះហើយ អ្នកទេសចរណ៍តែងតែពេញចិត្តនឹងភាពស្ងប់ស្ងាត់ រួមជាមួយនឹងទេសភាពនៃប្រាង្គប្រាសាទដ៏គួរឲ្យកោតសរសើរនេះផងដែរ។


៧. រថភ្លើងឬស្សីឡូរី - ខេត្តបាត់ដំបង

ទីតាំង: ភូមិឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង


រថភ្លើងឬស្សីឡូរី ដែលយកលំនាំតាមខ្សែរថភ្លើង បានក្លាយទៅជាកន្លែងលេងថ្មីមួយនៅខេត្តបាត់ដំបង និងបានកំពុងនឹងមានការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវទេសចរណ៍ពីគ្រប់ទិសទី ទាំងក្នុងនិងក្រៅប្រទេស។នៅពេលអ្នកជិះកម្សាន្តលើរថភ្លើងនេះ អ្នកនឹងអាចស្រូបយកខ្យល់អាកាសបរិសុទ្ធតាមវាលពណ៌បៃតងខ្ចី និងផ្តិតយករូបភាពនៃទេសភាពដ៏ស្រស់ត្រកាលរបស់ភ្នំបាណន់ថែមទៀតផង។នៅត្រើយម្ខាងនៃខ្សែរថភ្លើង អ្នកនឹងអាចទស្សនាសួនច្បារពោរពេញទៅដោយផ្កាស្អាតៗ រួមជាមួយនឹងផ្ទះរបស់បងប្អូនជនជាតិភាគតិចយើងផងដែរ។


រថភ្លើងឬស្សីនេះអាចផ្ទុកអ្នកដំណើរបានប្រាំឬប្រាំមួយនាក់ ហើយការធ្វើដំណើរទៅមកលើខ្សែរថភ្លើងដែលមានប្រវែងដល់ទៅ៨គីឡូម៉ែត្រនេះ អាចប្រើរយៈពេលដល់ទៅ៤៥នាទី។បើផ្អែកទៅតាមអ្នកបើកបររថភ្លើងឬស្សីម្នាក់ បានឲ្យដឹងថា អ្នកទេសចរណ៍មិនសូវមកលេងទីនេះនាពេលថ្ងៃធ្វើការនោះទេ។ប៉ុន្តែបើនាថ្ងៃចុងសប្តាហ៍វិញ រថភ្លើងឬស្សីនេះគឺមានភ្ញៀវទេសចរណ៍ពេញតែម្តង។


៨. ដូងទេរ - ខេត្តកំពត

ទីតាំង: ឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត


រមណីយដ្ឋានដូងទេរ គឺអាចចាត់ទុកថាជាកន្លែងអាថ៌កំបាំងដ៏ល្អបំផុតដល់ភ្ញៀវទេសចរណ៍នៅខេត្តកំពត។រមណីយដ្ឋាននេះមិនត្រឹមតែហុំព័ទ្ធទៅដោយដើមដូងជាច្រើន រួមជាមួយនឹងទេសភាពវាលភ្នំ និងទន្លេខេត្តកំពតដ៏ធំមួយនោះទេ វាក៏ជាកន្លែងដ៏ល្អមួយសម្រាប់អ្នកដែលមកសម្រាកលំហែកាយនៅក្នុងបារ ឬក៏នៅលើឆ្នេរខ្សាច់ និងរីករាយលេងកម្សាន្តជាមួយនឹង ការជិះទូក ការស្ទូចត្រី ការជិះខ្សែរ៉ក និងហែលទឹកលេងកម្សាន្តនៅទឹកជ្រោះទឹកឈូផងដែរ។


ឥឡូវស្គាល់កន្លែងថ្មីហើយ ត្រៀមខ្លួនដើរលេងហើយឬនៅ? ហើយអាចប្រាប់ក្នុងខមមិនខាងក្រោមបានទេ ថាចង់ទៅលេងកន្លែងណាមុនគេ?


ឯកសារយោង:

  1. Cambodia Constructors Association. (2020). US$85 million entertainment centre in Kandal Prince Manor officially opens. Cambodia Constructors Association. Retrieved from https://www.construction-property.com/us85-million-entertainment-center-in-kandal-prince-manor-officially-opens/

  2. Hong, R. (2019). Watersports and thrill-seeking on Kampot River at Daung Te. The Phnom Penh Post. Retrieved from https://www.phnompenhpost.com/travel/watersports-and-thrill-seeking-kampot-river-daung-te

  3. Khmer Times. (2018). Bamboo train boosts incomes. Khmer Times. Retrieved from https://www.khmertimeskh.com/539837/bamboo-train-boosts-incomes/

  4. Khmer Times. (2020). Prince Manor Resort grand opening enriching the city's scenery and people's lives. Khmer Times. Retrieved from https://www.khmertimeskh.com/50772274/prince-manor-resort-grand-opening-enriching-the-citys-scenery-and-peoples-lives/

  5. May, K. (2020). Vast Prince Manor fun park opens to much fanfare in Kandal. The Phnom Penh Post. Retrieved from https://www.phnompenhpost.com/business/vast-prince-manor-fun-park-opens-much-fanfare-kandal

  6. See Asia Differently. (2020). Cambodia's camping site: Knorng Psar. See Asia Differently. Retrieved from https://www.seeasiadifferently.com/cambodias-camping-site-knorng-psar/

  7. Theam's Gallery. (2021). The most unexpected hidden gem in Siem Reap. Theam's Gallery. Retrieved from https://theamsgallery.com

Comments


bottom of page