top of page
Past Quarter

ម្ហូបដែលអ្នកចូលចិត្តមាននៅក្នុងនេះទេ?មកមើលម្ហូបខ្មែរដ៏ល្បីទាំងប្រាំពីរមុខ ដែលល្អដល់សុខភាពជាងគេ

PQ | ម្ហូបអាស៊ីជាច្រើនបានកំពុងនឹងទទួលបានការចាប់អារម្មណ៍ពីប្រទេសលោកខាងលិចយ៉ាងក្រៃលែង ដោយសារមូលហេតុតែម្យ៉ាង។មូលហេតុនោះគឺ ម្ហូបអាស៊ីនិយមប្រើប្រាស់គ្រឿងផ្សំដែលល្អសម្រាប់សុខភាព​ ខុសពីម្ហូបដទៃទៀត។


មុខម្ហូបប្រពៃណីខ្មែរក៏មិនខុសគ្នាដែរ។ក្រៅពីការតុបតែងនិងរសជាតិ មុខម្ហូបខ្មែរតែងប្រើប្រាស់គ្រឿងផ្សំធម្មជាតិស្រស់ៗជាច្រើនប្រភេទ ដូចជាបន្លែ រុក្ខជាតិ ផ្លែឈើ ប្រភេទជី និងត្រីទឹកសាបជាដើម។គ្រឿងផ្សំទាំងនេះ​ សុទ្ធតែសម្បូរទៅដោយសារធាតុចិញ្ចឹមនិងប្រភេទអាហារល្អសម្រាប់សុខភាព។


ដូច្នេះ បើអ្នកចូលចិត្តម្ហូបបែបបន្លែ កំពុងតមអាហារ និងកំពុងស្វែងរកអាហារសុខភាព ជាលក្ខណៈម្ហូបបែបប្រពៃណីខ្មែរ យើងបានដាក់បញ្ចូលនូវម្ហូបដែលល្អសម្រាប់សុខភាពទាំងប្រាំពីរមុខរបស់ខ្មែរយើង ជូនដល់លោកអ្នកដូចខាងក្រោម។


1. សម្លសម្លក់


សម្លសម្លក់ គឺជាម្ហូបដែលល្អសម្រាប់សុខភាពជាងគេ ក្នុងចំណោមម្ហូបប្រពៃណីខ្មែរទាំងអស់។ម្ហូបមួយមុខនេះ​ ក៏ជាម្ហូបដ៏ពេញនិយមមួយក្នុងប្រទេសកម្ពុជាផងដែរ។



អ្វីដែលធ្វើឲ្យសម្លសម្លក់ខុសប្លែកជាងគេនោះ​គឺ សម្លនេះបង្កប់ទៅដោយសារធាតុចិញ្ចឹមយ៉ាងច្រើន ដែលបានមកពី បន្លែនិងគ្រឿងផ្សំយ៉ាងតិចដប់ពីរមុខក្នុងម្ហូបតែមួយមុខនេះ។បន្លែនិងគ្រឿងផ្សំទាំងនោះរួមមាន គ្រឿងគល់ស្លឹកគ្រៃកិនលាយជាមួយខ្ជាយ ត្រីឆ្អើរ ជី ផ្លែល្ពៅ ផ្កាល្ពៅ ផ្សិត បណ្តូលពោត ត្រលាច ត្រាវ ននោង គ្រាប់ពោត និងបន្លែជាច្រើនមុខទៀត។ដោយការប្រើប្រាស់បន្លែនិងគ្រឿងផ្សំជាច្រើនប្រភេទនេះ​ បានធ្វើឲ្យសម្លសម្លក់សម្បូរទៅដោយវីតាមីន ជាតិរ៉ែ និងជាតិសរសៃ ដែលផ្តល់នូវសារៈប្រយោជន៍យ៉ាងសំខាន់ដល់សុខភាពនិងសុខុមាលភាពរបស់លោកអ្នក។


2. សម្លកកូរ



បន្ទាប់ពីសម្លសម្លក់ សម្លកកូរឈរលើលេខរៀងពីរ។ស្រដៀងទៅនឹងសម្លសម្លក់ដែរ សម្លកកូរប្រើប្រាស់បន្លែជាច្រើនមុខ គួបផ្សំនឹងគ្រឿងផ្សំខុសគ្នាបន្តិចបន្តួចនិងអង្ករលីង។ស្ទើរសាច់ប្រភេទណា ក៏អាចប្រើក្នុងមុខម្ហូបនេះដែរ ប៉ុន្តែភាគច្រើនគេនិយមប្រើត្រីអណ្តែងជាមួយនឹងសាច់ជ្រូកបីជាន់។ដោយសារការប្រើប្រាស់គ្រឿងផ្សំច្រើន យើងអាចនឹងចំណាយពេលយូរបន្តិចក្នុងការធ្វើសម្លកកូរ ដើម្បីទទួលបានសារធាតុចិញ្ចឹមនិងឱជារសឈ្ងុយឆ្ងាញ់ពីមុខម្ហូបមួយនេះ។


3. ផ្ទាប់បន្លែ

អាហារប្រពៃណីនេះ ក៏ល្អសម្រាប់សុខភាពដែរ ប៉ុន្តែមិនសូវទទួលបានការពេញនិយមប៉ុន្មានទេ។ប្រសិនបើអ្នកមិនខ្លាចប្រលាក់ដៃនោះទេ អ្នកនឹងពេញចិត្តម្ហូបមួយនេះ​ជាមិនខាន។



ផ្ទាប់បន្លែមានដូចជា សាឡាត់ ត្រសក់ នំបញ្ចុកខ្មែរ ជី រួមជាមួយនឹងសាច់ជ្រូកស្ងោរ (អ្នកក៏អាចជំនួសសាច់ជ្រូកជាមួយនឹងត្រី ឬដាក់ទាំងពីរមុខក៏បាន តាមចំណង់ចំណូលចិត្ត)។បើអ្នកចង់បានសារធាតុចិញ្ចឹមលើសពីនេះទៀត អ្នកអាចបន្ថែមគ្រឿងផ្សំដូចជា បាញ់ហ៊យ ស្ពៃក្តោប ការ៉ុត កំពឹស និងសាយ៉ថែមទៀតផង។


ដើម្បីទទួលបានឱជារសឆ្ងាញ់ ដំបូងយកគ្រឿងផ្សំនីមួយៗមកដាក់លើសាឡាត់ រូចរុំចូលគ្នា បន្ទាប់មកជ្រលក់វាក្នុងទឹកត្រីផ្អែម មុននឹងញ៉ាំ។នៅពេលអ្នកញ៉ាំម្ហូបមួយនេះ អ្នកនឹងរវល់ភ្លក់រសជាតិផ្សំចូលគ្នា ដោយមិនបានចាប់អារម្មណ៍ថា អ្នកកំពុងទទួលបានសារធាតុចិញ្ចឹមយ៉ាងច្រើននោះទេ។


4. អាម៉ុកត្រី


ម្ហូបនេះ ជាម្ហូបប្រចាំនៅក្នុងប្រទេសកម្ពុជា ហើយក៏ជាអាហារដែលល្អមួយដែរ សម្រាប់អ្នកចង់បានសុខភាពល្អ។


ជាទូទៅ ម្ហូបមួយនេះត្រូវបានគេយកមកចម្អិនជាមួយត្រីទឹកសាប ស៊ុត ទឹកត្រី ស្ករពាង និងគ្រឿងការី ដែលកិនលាយជាមួយគ្រឿងទេសនិងគ្រឿងផ្សំជាច្រើនដូចជា គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត និងខ្ទឹមក្រហម។បើតាមបែបប្រពៃណីខ្មែរ គេតែងតែធ្វើម្ហូបមួយនេះជាមួយត្រី ឬខ្យង។ប៉ុន្តែអ្នកក៏អាចប្រើសាច់មាន់ ឬបន្លែ មកជំនួសវិញក៏បានដែរ។


បន្ទាប់ពីចម្អិនរួចរាល់ គេយកវាមកខ្ចប់នៅក្នុងស្លឹកចេក ដោយអប់ទឹកខ្ទិះដូងនៅខាងលើ ហើយរៀបចំយ៉ាងស្អាត ប៉ុនកូនចានចង្កិះ អមនឹងបាយសមួយចាន។


5. សម្លការីខ្មែរ


សម្លការីខ្មែរមានពីរប្រភេទ មួយជាសម្លការីក្រហម និងមួយទៀតជាសម្លការីបៃតង ឬតែងនិយមហៅថា សម្លប្រហើរ។ សម្លការីនីមួយៗ បង្កប់នូវគ្រឿងផ្សំខុសពីគ្នា រួមជាមួយអត្ថប្រយោជន៍សម្រាប់សុខភាពរៀងៗខ្លួន។



សម្លការីក្រហមខ្មែរយើង តែងមានរសជាតិផ្អែមបន្តិច ហើយស្រាល មិនមានរសជាតិខ្លាំងប៉ុន្មានទេ។ជាទូទៅ ខ្មែរយើង និយមបរិភោគម្ហូបមួយនេះ​ ជាមួយនំបញ្ចុកខ្មែរ បាយស ឬនំបុ័ង។គ្រឿងផ្សំសំខាន់ៗចំពោះម្ហូបនេះ មានដូចជា ខ្ទិះដូង ដំឡូងបារាំង សាច់មាន់ ផ្លែត្រប់ ជី ការ៉ុត ទឹកស៊ុបមាន់ គ្រឿងគល់ស្លឹកគ្រៃ និងគ្រឿងការី។


ខុសពីសម្លការីក្រហម សម្លការីបៃតងឯណោះវិញ ធ្វើពីសាច់ត្រីមួយមុខគត់។នៅក្នុងម្ហូបដ៏ពេញនិយមមួយនេះ រួមមាន សាច់ត្រីដែលគេបុកមត់ ជី និងគ្រឿងការីបៃតង ដែលគេធ្វើពីរំដេង ខ្ជាយ គល់ស្លឹកគ្រៃ រមៀត និងខ្ទឹមស។នៅពេលបរិភោគជាមួយនំបញ្ចុក គេតែងបន្ថែមល្បោយបន្លែ ដូចជាត្រសក់ ផ្កាស្នោរ ជីអង្កាម សណ្តែកបណ្តុះ ត្រយូងចេក និងផ្កាកំផ្លោក ដើម្បីទទួលបានវីតាមីនច្រើនជាងមុនបន្ថែមទៀត។


6. ទឹកគ្រឿង


ទឹកគ្រឿង ជាទឹកជ្រលក់ដែលល្បីល្បាញមួយក្នុងប្រទេសកម្ពុជា។ចំពោះអ្នកដែលបានភ្លក់ម្ហូបមួយនេះពេលមកទស្សនាប្រទេសកម្ពុជា តែងកោតសរសើរម្ហូបនេះណាស់។ទឹកជ្រលក់ប្រភេទនេះ ធ្វើពីសាច់ត្រីដែលគេបុកមត់ ម្ទេស ស្ករពាង ទឹកត្រី ខ្ទឹមក្រហម ខ្ទឹមស អំពិលទុំ ទឹកក្រូចឆ្មារ និងគ្រឿងផ្សំដទៃទៀត។បន្ថែមពីនេះទៅទៀត ជនជាតិខ្មែរយើង ក៏និយមបន្ថែមប្រហុក ដើម្បីបង្កើនឱជារសផងដែរ។



ទឹកគ្រឿងមិនត្រឹមតែជាទឹកជ្រលក់ដែលល្អសម្រាប់សុខភាពនោះទេ។គេតែងបន្ថែមសណ្តែកដី ជីច្រើនប្រភេទ និងបរិភោគម្ហូបមួយនេះជាមួយបន្លែស្រស់ៗដូចជាត្រសក់ ផ្លែត្រប់ ផ្កាកំផ្លោក ផ្កាខាត់ណា និងត្រកួន ដែលសុទ្ធតែផ្តល់ជាសារធាតុចិញ្ចឹមជាច្រើនដល់រាងកាយយើង។


7. សម្លម្ជូរខ្មែរ



ម្ហូបដែលពិសេសចុងក្រោយនោះគឺ សម្លម្ជូរខ្មែរ។សម្លម្ជូរខ្មែរមានច្រើនប្រភេទ ភាគច្រើនសុទ្ធសឹងតែល្អសម្រាប់សុខភាព។សម្លម្ជូរខ្មែរដែលល្បីមួយនោះ​គឺសម្លម្ជូរស្រែ។គ្រឿងផ្សំសម្រាប់ម្ហូបមួយនេះ មានត្រីទឹកសាប (ជាទូទៅគេនិយមប្រើត្រីតូចៗ) កំពឹស ត្រកួន អំពិលទុំ ឬទឹកក្រូចឆ្មារក៏បានដែរ។ពេលខ្លះទៀត គេប្រើក្តាមស្រែ និងខ្យងទៀតផង។ក្រៅពីរសជាតិជូរ និងការតុបតែងយ៉ាងស្រស់ស្អាត សម្លម្ជូរស្រែផ្តល់នូវសារធាតុចិញ្ចឹមជាច្រើន ដែលក្នុងនោះ​រួមមានជាតិអាស៊ីតខ្លាញ់ល្អ និងជាតិរ៉ែ ដែលបានមកពីត្រី។


ម្ហូបប្រពៃណីខ្មែរផ្សេងទៀត ដូចជាញាំស្វាយ ប្រហុកខ្ទិះ ភ្លាសាច់គោ ក៏ជាម្ហូបដែលល្អសម្រាប់សុខភាពដែរ។ម្ហូបខ្មែរជាច្រើន សម្បូរទៅដោយសារធាតុចិញ្ចឹមដល់រាងកាយយើង នេះក៏ដោយសារប្រទេសកម្ពុជាយើង សម្បូរទៅដោយបន្លែដំណាំស្រស់ៗ គ្រឿងផ្សំធម្មជាតិជាច្រើន ព្រមទាំងប្រភពអាហារទឹកសាបផ្សេងៗទៀតផងដែរ។



តើក្នុងចំណោមម្ហូបខ្មែរទាំងប្រាំពីរមុខខាងលើ មួយណាដែលអ្នកចង់ញ៉ាំមុខគេ?ចូរសរសេរចម្លើយអ្នកនៅក្នុងខមមិនខាងក្រោម។



Reference:

1. Goldberg, L. (2019). 30 Cambodian foods every visitor needs to try. CNN Travel. Retrieved from https://edition.cnn.com/travel/article/top-cambodia-foods-intl-hnk

2. Goodman, A. (2019). Why you should try healthy Khmer food during your Cambodia vacation. Eleven Kitchen. Retrieved from https://elevenonekitchen.com/why-you-should-try-healthy-khmer-food-during-your-cambodia-vacation/

3. Kobe Jones. (2017). Exploring the history of ‘East meets West’ in food influences. Kobe Jones. Retrieved from https://www.kobejones.com.au/exploring-history-east-meets-west-food-influences/

4. Kubala, J. (2019). Can food act as medicine? All you need to know. Healthline. Retrieved from https://www.healthline.com/nutrition/food-as-medicine

5. Marissa. (2018). The top 10 healthiest Cambodian dishes. Culture trip. Retrieved from https://theculturetrip.com/asia/cambodia/articles/10-traditional-cambodian-dishes-you-need-to-try/



bottom of page